ប្រាសាទព្រះធាតុបារាយណ៍ សិល្បៈអង្គរ ឰដ៏ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម -B
Back Home
B
Monks
Home
5

Contact

  • Monks
  • Tholun23@gmail.com
  • +855015897766

Loading...

Loading...

ប្រាសាទព្រះធាតុបារាយណ៍ សិល្បៈអង្គរ ឰដ៏ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

 

ប្រាសាទព្រះធាតុបារាយណ៍ សិល្បៈអង្គរ ឰដ៏ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ប្រាសាទព្រះធាតុបារាយណ៍​ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ។ ប្រាសាទព្រះធាតុបារាយណ៍មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បារាយណ៍ ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម ។ ដើម្បីធ្វើ​ដំណើរ​ទៅប្រាសាទ​នេះ (ដោយ​ចេញ​ពី​ក្រុង​ភ្នំពេញ) គេត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦A ហើយ​ឆ្លង​ស្ពាន​ព្រែក​តា​មាក់​ទៅ​ត្រើយ​ខាង​កើត បន្ទាប់​មក​បត់​ឆ្វេង​ស្រប​តាម​បណ្ដោយ​មាត់​ទន្លេ ។ ត្រូវ​ធ្វើ​ដំណើរ​រហូតដល់​ទីរួម​ស្រុក​ស្រីសន្ធរគឺទីប្រជុំជន​ព្រែកពោធិ៍ ។ រួចបន្ត​ដំណើរ​ទៅ​ទៀត​ប្រមាណ​ជា​ ៨គីឡូម៉ែត្រ​​ទៅ​ដល់​ផ្សារ​ព្រែក​ដំបូក ។ បន្ទាប់​មក​ត្រូវ​បត់​ស្ដាំដៃតាម​ផ្លូវ​ដី​នៅ​មុខ​វត្ត​ប្រាសាទ​វដ្ដី​ហើយធ្វើ​ដំណើរ​ប្រមាណ​ ៧គីឡូម៉ែត្រ​ទៀត​មុននឹង​ទៅ​ដល់​ឃុំ​បារាយណ៍ ។ ឯប្រាសាទ​ព្រះ​ធាតុ​បារាយណ៍​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១គីឡូម៉ែត្រ​ខាង​ត្បូង​ឃុំ​នេះ ។
ប្រាសាទនេះ​សព្វ​ថ្ងៃនៅ​សល់​ប្រាង្គ​មួយ​ធ្វើ​ពី​ថ្មភក់និង​ថ្មបាយក្រៀម ។ ប្រាង្គ​នេះ​មា​នទ្វារចូលពីខាង​កើតនិងខាង​លិច (គេសន្ធប់​ទ្វារ​ខាង​លិច​នឹង​ឥដ្ឋ) ឯទ្វារ​ខាង​ជើងនិងត្បូង​ជា​ទ្វារ​បញ្ឆោត ។ គេសង្ស័យ​ថា​ប្រាសាទ​នេះ​មាន​ប្រាង្គ​បី​ពីព្រោះគេ​ឃើញ​មាន​សំណល់​ចម្លាក់​ផ្ដែរនិងហោជាង​ជា​ច្រើន​ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​ថ្មី ។ តាម​រយៈក្បាច់​ចម្លាក់ គេគិត​ថា​ប្រាសាទ​នេះ​កសាង​ឡើង​នៅ​សតវត្ស​ទី១១ ក្នុង​រចនាបថ​បាពួន ។ ក្រោយ​មក​ប្រហែល​អាច​នៅ​សតវត្ស​ទី១៤ឬ​១៥ គេបាន​កែប្រែ​ប្រាសាទ​នេះ​ដោយ​​លើក​ដី​ធ្វើ​លាន​មួយ​ទ្រវែង​នៅ​ខាង​មុខ​ប្រាសាទ ហើយ​យក​ផ្ដែ​និង​ហោជាង​មក​តម្រៀប​ជុំ​វិញ ធ្វើ​ជា​ឃឿន​ព្រះ​វិហារ​តែ​ម្ដង ។
នៅក្បែរទីទួលនោះផ្នែកខាងជើងមានទួលឧកញ៉ាតន ។ នៅមិនឆ្ងាយពីនោះប៉ុន្មានមានទួលឧកញ៉ាភក្តី នៅផ្នែកខាងក្រោយទួលព្រះធាតុចម្ងាយ ប្រហែល ៥០០ម៉ែត្រ មានទួលបុរាណមួយគេហៅថាទួលបាសាន ។ នៅខាងមុខទួលព្រះធាតុនេះមានស្លាកស្នាមទន្លេអុំ ដែលមានឈ្មោះថា ទន្លេអុំ​បុរស និងទន្លេអុំស្ត្រី ហើយនៅចំកណ្តាលមានវាលមួយ ជាវេទិកាសម្រាប់ស្តេចគង់ទត ។ បន្ទាប់ពីទន្លេអុំនោះទៅ មានវាលប្រណាំងសេះដែលមាននៅស្លាកស្នាមជាលំអានៗ ។ នៅតាមស្រែជុំវិញទួលព្រះធាតុនោះនៅពេលដែលអ្នកស្រុកធ្វើការភ្ជួររាស់ដីស្រែ ពួកគាត់បានប្រទះឃើញបំណែកនៃបំពង់លូបង្ហូរទឹក ។ នៅក្បែរទួលព្រះធាតុនោះមានទួលមួយដែលមានលក្ខណៈជាកន្លែងឡឥដ្ឋបុរាណខ្នាតធំមួយ នៅផ្នែកខាងមុខឆៀងខាងជើងនៃទួលព្រះធាតុនោះមានស្រះទឹកធំមួយបានបន្សល់ទុកតាំងពីសម័យព្រះបាទពញាយ៉ាតមកម៉្លេះ ។ ទាំងអស់នេះជាសក្ខីភាពបញ្ជាក់ថាជារាជធានីបុរាណ ។
គួរបបញ្ជាក់ផងដែរថាការចោទជាសំណួរ​ថាតើទីតាំង​នេះ​ ពិត​ជា​ទីតាំង​រាជធានី​របស់ព្រះបាទ​ពញាយ៉ាត​ពេល​ដែលព្រះអង្គ​ចាក​ចេញ​ពី​ក្រុង​អង្គរ​នៅ​ឆ្នាំ១៤៣១​មែនឬយ៉ាងណា គឺពុំទាន់មានចម្លើយច្បាស់លាស់ណាមួយអាចអះអាងបាននោះទេ ៕
Like
tag:

No comments:

Older Post: