ពុទ្ធជយមង្គលគាថា

  ពុទ្ធជយមង្គលគាថា

១. ពាហុំ សហស្សមភិនិមិ្មតសា វុធន្តំ គ្រីមេខលំ ឧទិតឃោ រសសេនមារំ ទានាទិធម្មិវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះមុនិន្ទលោកាចារ្យ ផ្ចាញ់ក្រុងមារចិត្តមោហន្ធ 

និម្មិតដៃមួយពាន់ កាន់សស្ត្រាវុធនានា ។

ជិះគ្រីមេខលជាតិ កោញ្ចនាទខ្ទរពសុធា 

ព្រមដោយមារសេនា ពន្លឹកលន់កងស័ព្ទស៊ាន ។ 

ដោយធម្មពិធី ទានបារមីជាប្រធាន 

ក្រុងមារចាញ់ទ្រង់ញាណ ប្រណម្យកាយថ្វាយវន្ទា ។

រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា 

ដោយតេជះជយា ព្រះឈ្នះមារគ្រានោះហោង ។

២. មារា តិរេកមភិយុជ្ឈិតសព្វរត្តឹ ឃោរម្បនា ឡវក មក្ខមថទ្ធយក្ខំ ខន្តីសុទន្តវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះមុនិន្ទពិននាយកៈ ផ្ចាញ់អាឡវកយក្សឃោរឃៅ 

រឹងរូសមិនតាំងនៅ ក្នុងខន្តីគុណសត្យា ។

រហូតអស់រាត្រី ព្រះជិនស្រីទ្រង់យុទ្ធនា 

ក្រៃលែងក្រុងមារា ក្នុងបឋមសម្ពោធី ។

ដោយព្រះពិធីញាណ ទ្រង់ទូន្មានដោយខន្តី 

ញ៉ាំងចិត្តអសុរី ឲ្យបង់ព្យុះចុះវន្ទា ។

រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា 

ដោយតេជះជយា ព្រះឈ្នះអាឡវកយក្ខហោង ។

៣. នាឡាគិរី គជវរំ អតិមត្តភូតំ ទាវគ្គិចក្កមសនីវ សុទារុណន្តំ មេត្តម្ពុសេក វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះមុនិន្ទពិនជិនស្រី ផ្ចាញ់ដំរីឈ្មោះនាឡា 

គីរីវរគជា ដ៏ហានក្លាចុះព្រេងព្រិច ។

សាហាវឆាវឆេះក្រៃ ដូចភ្លើងព្រៃឆេះកំទេច 

មុតដូចចក្រុតពេជ្រ ខ្លាំងដូចកម្មអសនី ។

ដោយព្រះពិធីស្រប់ ស្រោចទឹកអប់គឺបារមី 

មេត្តាព្រះជិនស្រី ញ៉ាំងដំរីឲ្យជ្រះថ្លា ។

រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា 

ដោយតេជះជយា ព្រះឈ្នះនាឡាគីរី ។

៤. ឧក្ខិត្តខគ្គ មតិហត្ថសុទារុណន្តំ ធាវន្តិយោ ជនបថង្គុលិមា លវន្តំ ឥទ្ធីភិសង្ខ តមនោ ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះមុនិន្ទពិនលោកត្រៃ មានព្រះទ័យធ្វើបាដិហារ្យ 

ផ្ចាញ់ចោរអង្គុលីមាល៍ មានកម្រងគឺម្រាមដៃ ។

នៃមនុស្សដែលគាត់កាត់ មកដោតចាក់ជាមាល័យ 

អង់អាចកំណាចក្រៃ ដ៏មានដៃស្ទាត់ប្រហារ ។

កាន់ដាវងាគ្រវី ដេញព្រះមុនីសាស្តាចារ្យ 

ចម្ងាយផ្លូវកន្តារ កណ្តាលព្រៃបីយោជនា ។

រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា 

ដោយតេជះជយា ព្រះឈ្នះអង្គុលិមាល៍ ។

៥. កត្វាន កដ្ឋមុទរំ ឥវ គព្ភិនីយា ចិញ្ចាយ ទុដ្ឋវចនំ ជនកាយ មជ្ឈេ សន្តេន សោមវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះមុនិន្ទមានព្រះភាគ ផ្ចាញ់ទ្រុស្តពាក្យនាងចិញ្ចា 

អំពើធ្វើដូចជា ស្រ្តីមានគភ៌ចាស់ចើសពោះ ។

យកឈើធ្វើជាកូន ព័ន្ធពោះខ្លួនពោលទ្រគោះ 

ព្រះពុទ្ធឈ្នះកាលនោះ ដោយសមាចារពិធី ។

រម្ងាប់ពាក្យចណ្ឌាល នាកណ្តាលជនប្រុសស្រី 

ចិញ្ចាចាញ់បារមី គឺសច្ចំពាក្យសត្យា ។

រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា 

ដោយតេជះជយា ព្រះសាស្តាឈ្នះចិញ្ចា ។

៦. សច្ចំ វិហាយមតិ សច្ចកវា ទកេតុំ វាទាភិរោ បិតមនំ អតិអន្ធ ភូតំ បញ្ញាបទី បជលិតោ ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះមុនិន្ទពិនអ្នកប្រាជ្ញ រុងរឿងស្ងាចដោយបញ្ញា 

ផ្ចាញ់សច្ចកៈជា និគ្រន្ថក្រៅពុទ្ធវិន័យ ។

អធ្យាស្រ័យលះបង់ ពាក្យសត្យត្រង់តាមគាប់ចៃ 

សរសើរខ្លួនឯងក្រៃ លើកកម្ពស់ដូចដងទង់ ។

បង្កើតមួរងងឹត ដោយពោលឥតពាក្យទៀងត្រង់

ព្រះទ្រង់កំចាត់បង់ ដោយប្រទីបគឺបញ្ញា ។

រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា 

ដោយតេជះជយា ឈ្នះសច្ចកៈនិគ្រន្ថ ។

៧. នន្ទោបនន្ទភុជគំ វិពុធំ មហិទ្ធឹ បុត្តេន ថេរភុជគេន ទមាបយន្តោ ឥទ្ធូបទេស វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះមុនិន្ទពិនទ្រង់ញាណ ញ៉ាំងមោគ្គលានមានអំណាច 

ឲ្យប្លែងជានាគរាជ ទៅទូន្មានព្យុសន៍ភូជង្គ ។

ឈ្មោះនន្ទោបនន្ទ ចិត្តមោហន្ធរឿងឫទ្ធិរុង 

ទិដ្ឋិកាចទ្រនង់ ទ្រង់ផ្ចាញ់ដោយពិធីឈាន ។

គឺឲ្យឧបទេស ឫទ្ធិវិសេសដល់មោគ្គលាន 

ឫទ្ធិនាគអន្តរធាន ឱនចុះចាញ់ព្រះចេស្តា ។

រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា 

ដោយតេជះជយា ព្រះភគវាឈ្នះនាគហោង ។

៨. ទុគ្គាហទិដ្ឋិ ភុជគេន សុទដ្ឋហត្ថំ ព្រហ្មំ វិសុទ្ធិ ជុតិមិទ្ធិ ពកាភិធានំ ញាណគទេន វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះមុនិន្ទពិនគោតម ផ្ចាញ់មហាព្រហ្មឈ្មោះពកា 

សំគាល់ថាអាត្មា រុងរឿងដោយគុណបរិសុទ្ធ ។

ដៃកាន់អសិរពិស គឺចិត្តទ្រឹស្តដ៏មុះមុត 

កាន់ខុសផ្លូវសម្ពុទ្ធ មិនលើកលាកលះបង់ប្រាណ ។

ទ្រង់ឈ្នះដោយវិធី ឱសថវីសេសសម្រាន្ត 

ផ្សំត្រូវគាប់សន្តាន គឺព្រះញាណប្រោសទេសនា ។

រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា 

ដោយតេជះជយា ឈ្នះព្រហ្មាឥតមានហ្មង ។

៩. ឯតាបិ ពុទ្ធជយមង្គល អដ្ឋគាថា យោ វាចនោ ទិនទិនេ សរតេ មតន្ទី ហិត្វាននេកវិ វិធានី ចុបទ្ទវានី មោក្ខំ សុខំ អធិគមេយ្យ នរោ សបញ្ញោ ។

យោ នរោ ជនឯណា កបបញ្ញាប្រាសក្តីខ្ជិល 

ឧស្សាហ៍សាងទាននៃសីល សូត្ររំលឹកព្រះធម៌ថ្លៃ ។

គាថាប្រាំបីបទ នេះកំណត់ឈ្មោះពុទ្ធជ័យ 

ខំសូត្រសព្វ ៗ ថ្ងៃ កើតមង្គលជានិរន្តរ៍ ។

សោ នរោ រីជននោះ បានរំដោះរោគអាសន្ន 

ឧបទ្រពអនេកលន់ មានប្រការផ្សេង ៗ ផង ។

នឹកដល់ធម៌ក្សេមក្សាន្ត គឺនិព្វានសុខកន្លង 

លែងទុក្ខទាំង៤កង ដោយពុទ្ធជ័យមង្គលនេះ ។

#ព្រះធម៌

Previous Post
Next Post